ថ្ងៃច័ន្ទ ទី២៨ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ PKA TV Online ចាងហ្វាងការផ្សាយ លោក អ៊ុង ស៊ីណាត ទូរស័ព្ទ 0886 511114 និពន្ធនាយក លោក ឈួន ពុធតុលា ទូរស័ព្ទ 089 359434
សម្តេចធិបតី៖ ត្រឹមខែមីនាឆ្នាំនេះមានរោងចក្រសហគ្រាសចំនួន ៤៥,២៥៥ បានចុះបញ្ជីនៅក្រសួងការងារ
Mon,28 April 2025 (Time 04:56 PM)
ដោយ ៖ Srey Sambath (ចំនួនអ្នកអាន: 3នាក់)

ក្នុងឱកាស អញ្ជើញសំណេះសំណាលជាមួយថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១៣៩ ទិវាពលកម្មអន្តរជាតិ ១ ឧសភា នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍បញ្ជាក់ថា គិតត្រឹមខែមីនា ឆ្នាំ២០២៥នេះ ចំនួនរោងចក្រសហគ្រាស ដែលបានចុះបញ្ជីនៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានកើនដល់ ៤៥,២៥៥ សហគ្រាស បើធៀបនឹងឆ្នាំ២០២៤ មានចំនួន ៤៤,៧៩៨ សហគ្រាស។

សម្តេចធិបតី នាយករដ្ឋមន្រ្ដីបានឲ្យដឹងថា ក្នុងចំណោមរោងចក្រសហគ្រាស ចំនួន ៤៥,២៥៥ នេះមានចំនួនកម្មករនិយោជិតបានកើនឡើងពីចំនួនប្រមាណ ១.៨១ លាននាក់ដល់ចំនួន ១.៨៥ លាននាក់។

សម្តេចធិបតីមានប្រសាសន៍ថា ចំនួនរោងចក្រសហគ្រាសដែលកើនឡើងនេះ ក៏ជាកំណើនការងារនៅក្នុងស្រុកបន្ថែមទៀតសម្រាប់ប្រជាពលរដ្ឋផងដែរ ហើយកំណើនការងារនៅកម្ពុជា មិនមែនជាតួលេខខ្យល់នោះទេ គឺមានការកើនឡើងជាក់ស្តែង។ សម្រាប់អ្នកមើលតាមលំហអាកាស គឺមើលអត់ឃើញទេ បើចង់ឃើញ សូមអញ្ជើញមកមើលផ្ទាល់នៅកម្ពុជា។ សម្តេចធិបតីបានថ្លែងថា បច្ចុប្បន្នកម្ពុជាមិនមែនផលិតតែសម្លៀកបំពាក់ ឬស្បែកជើងនោះទេ គឺមានទាំងគ្រឿងបង្គុំអគ្គិសនី និងរថយន្តថែមទៀតផង។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥នេះ កម្ពុជាបានចុះបញ្ជីគម្រោងវិនិយោគសរុបចំនួន ២២៥ គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ៣.២៧ ពាន់លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួនប្រមាណ ១៥ ម៉ឺនកន្លែងដល់ប្រជាពលរដ្ឋ ខណៈនៅខែក្រោយនេះសម្ដេចធិបតីនឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសជប៉ុនហើយនឹងបន្តទាក់ទាញវិនិយោគ និងទេសចរមកកម្ពុជាបន្ថែមទៀត៕

វីដែអូ