ថ្ងៃច័ន្ទ ទី២៨ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ PKA TV Online ចាងហ្វាងការផ្សាយ លោក អ៊ុង ស៊ីណាត ទូរស័ព្ទ 0886 511114 និពន្ធនាយក លោក ឈួន ពុធតុលា ទូរស័ព្ទ 089 359434
សម្ដេចធិបតី បង្ហាញមូលហេតុធំៗចំនួន២ ដែលសម្ដេចសម្រេចជួលផ្ទះតូចមួយនៅបីនាក់ជាមួយមិត្តភក្តិពេលរស់នៅសហរដ្ឋអាម៉េរិក
Mon,28 April 2025 (Time 04:54 PM)
ដោយ ៖ Srey Sambath (ចំនួនអ្នកអាន: 3នាក់)

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញមូលហេតុធំៗចំនួនពីរដែលសម្ដេចសម្រេចជួលផ្ទះតូចមួយនៅបីនាក់ជាមួយមិត្តភក្តិ ពេលធ្វើកម្មសិក្សានៅធនាគារពិភពលោក ក្នុងរដ្ឋធានី Washington នៃសហរដ្ឋអាម៉េរិក។

តាមបណ្ដាញសង្គមកាលពីរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥ សម្ដេចបានសរសេររៀបរាប់ថា ព្រឹកមិញក្នុងកម្មវិធីជួបជាមួយបងប្អូនសហជីព និងសេដ្ឋកិច្ចក្រៅប្រព័ន្ធ សម្ដេចបាននិយាយលេងបន្តិចអំពីការរស់នៅរបស់សម្ដេចកាលធ្វើកម្មសិក្សានៅធនាគារពិភពលោក ក្នុងរដ្ឋធានី Washington នៃសហរដ្ឋអាម៉េរិក ឆ្នាំ២០០២។

ក្រោយចប់កម្មវិធី សម្ដេចបានទទួលរូបថតមួយសន្លឹកនេះដែលមិត្តរបស់សម្ដេចផ្ញើមកឱ្យសម្ដេច។

ក្នុងរូបនេះគឺជាបន្ទប់ដែលសម្ដេច ជួលនៅជាមួយមិត្តរួមបន្ទប់ពីរនាក់ទៀតរយៈពេលជិតមួយឆ្នាំ ក្នុងពេលដែលសម្ដេចធ្វើកម្មសិក្សានៅធនាគារពិភពលោកនៅឆ្នាំ២០០២នោះ។

បន្ទប់នេះមានបន្ទប់គេងតូចមួយអាចដាក់គ្រែបានពីរ បន្ទប់ទឹកតូចមួយ កន្លែងសាឡុងទទួលភ្ញៀវ ជាប់ជាមួយចង្ក្រានតូចមួយ។

សម្ដេច គេងនៅលើប៉ៅអ៊ី (ប៉ៅអ៊ីបត់ក្នុងរូប) នៅក្នុងបន្ទប់សាឡុង ជាប់ផ្ទះបាយ ដោយទុកឱ្យមិត្តរួមបន្ទប់ពីរនាក់ទៀតគេងនៅក្នុងបន្ទប់ ដោយសារសម្ដេច ធ្វើការងារយប់ៗជ្រៅ ហើយមិនចង់រំខានមិត្ត ទុកឱ្យគាត់អាចបិទភ្លើងគេងក្នុងបន្ទប់ចុះ។

កន្លែងដែល សម្ដេចអង្គុយហូបបាយនេះគឺ ជាកន្លែងគេងរបស់សម្ដេច គ្រែរបស់សម្ដេចគឺប៉ៅអ៊ីបត់ (ក្នុងរូបភាព) ហើយវាក៏ជាកន្លែងហូបបាយ និងធ្វើកិច្ចការរបស់សម្ដេចនៅផ្ទះផងដែរ។

មិត្តភក្តិខ្លះ ប្រាប់ថាឃើញរូបនេះថាគួរឱ្យអាណិតសម្ដេច។

ប៉ុន្តែសម្ដេចបានប្រាប់គាត់វិញថាមិនមានអ្វីគួរឱ្យអាណិតនោះទេ ព្រោះទោះយ៉ាងណាក៏សម្ដេចមានសំណាងជាងមនុស្សរាប់លាននាក់ដែលមិនមានឱកាសដូចសម្ដេច។

ការដែល សម្ដេចសម្រេចជួលផ្ទះតូចមួយនៅបីនាក់ជាមួយមិត្តភក្តិរបស់សម្ដេច មានមូលហេតុធំៗចំនួនពីរ÷

-មូលហេតុទី១ គឺសម្រាប់រូបសម្ដេច មិនថាផ្ទះតូចចង្អៀត ឬចាស់ ឱ្យតែមានដំបូលកុំឱ្យលិចពេលភ្លៀង មានកន្លែងសម្រាប់គេង សម្រាប់ហូបបាយ សម្រាប់ធ្វើកិច្ចការ គឺគ្រប់គ្រាន់ហើយ។

គោលដៅសំខាន់របស់សម្ដេចពេលនោះគឺផ្ដោតទៅលើការងារនៅធនាគារពិភពលោក ដែលសម្ដេចត្រូវខិតខំធ្វើឱ្យល្អ និងច្បាមយកបទពិសោធន៍ឱ្យបានជាអតិបរមា ក្នុងរយៈពេលដែលសម្ដេចធ្វើការនៅទីនោះ។

កន្លែងស្នាក់នៅ ឬមធ្យោបាយធ្វើដំណើរ (សម្ដេច ជិះរថភ្លើងក្រោមដីទៅធ្វើការ) គឺជាកិច្ចការបន្ទាប់បន្សំ។ មិនអាចឱ្យកិច្ចការបន្ទាប់បន្សំជាឧបសគ្គសម្រាប់រំខានដល់ការសម្រេចគោលដៅធំរបស់សម្ដេចទេ។

-មូលហេតុទី២ គឺភាពម្ចាស់ការរបស់សម្ដេចក្នុងការរស់នៅ ដោយសម្ដេចព្យាយាមដាក់គោលដៅធ្វើយ៉ាងណា ការរស់នៅរបស់សម្ដេចនៅពេលនោះត្រូវអាចទ្រទ្រង់បានដោយសារប្រាក់បៀវត្សរបស់សម្ដេច ដែលបានមកពីការធ្វើកម្មសិក្សានៅធនាគារពិភពលោក។ ពោលគឺរស់ដោយថវិការកដោយខ្លួនឯង ដោយមិនចាំបាច់ប្រើប្រាស់ថវិការបស់ឪពុកម្ដាយ ទោះបីជាគាត់មានលទ្ធភាពផ្ដល់ឱ្យសម្ដេចអាចជួលផ្ទះបានល្អជាងឬធំជាងនេះក៏ដោយ៕

វីដែអូ