ថ្ងៃច័ន្ទ ទី២៨ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ PKA TV Online ចាងហ្វាងការផ្សាយ លោក អ៊ុង ស៊ីណាត ទូរស័ព្ទ 0886 511114 និពន្ធនាយក លោក ឈួន ពុធតុលា ទូរស័ព្ទ 089 359434
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ជិត២ឆ្នាំមកនេះ រាជរដ្ឋាភិបាលឆ្លងកាត់វិញ្ញាសារលំបាកៗច្រើនណាស់ ប៉ុន្តែអ្វីក៏ដោយដែលមិនធ្វើឱ្យយើងស្លាប់ យើងនឹងរឹងមាំ
Sun,27 April 2025 (Time 04:53 PM)
ដោយ ៖ Srey Sambath (ចំនួនអ្នកអាន: 6នាក់)

ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥ បានថ្លែងថា រយៈពេលជិត២ឆ្នាំមកនេះ រាជរដ្ឋាភិបាលបានឆ្លងកាត់វិញ្ញាសារលំបាកៗច្រើន តែរដ្ឋាភិបាលកម្ពុជាមិនស្លាប់ ហើយអ្វីដ៏ដោយដែលមិនធ្វើឱ្យយើងស្លាប់ យើងនឹងរឹងមាំ។

ការថ្លែងបែបនេះរបស់សម្ដេច បានធ្វើឡើងនាឱកាសដែលសម្ដេច អញ្ជើញជួបសំណេះសំណាលជាមួយសហជីព សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសមាគមបុគ្គលិកសិក្សាដើម្បីអបអរសាទរ ខួបអនុស្សាវរីយ៍លើក​ទី១៣៩​នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ។

ថ្លែងទៅកាន់អង្គពិធី សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថាអ្នកនយោបាយក្រៅប្រទេសចោទ បន្ទោសអ្វីតាមចិត្ត ប៉ុន្តែរាជរដ្ឋា​ភិបាលមានតួនាទី និងកាតព្វកិច្ចគិតគូរពីប្រយោជន៍របស់ពលរដ្ឋ កម្មករនិយោជិត និងស្ថានភាពការងារនៅកម្ពុជា។

សម្ដេចនាយករដ្ឋមន្ត្រី បានថ្លែងយ៉ាងដូច្នេះថា «កន្លែងណាដែលខ្សោយគេនាំគ្នារំលេច កន្លែងណាល្អគេមិនរំលេច អ្នកធ្វើចង់ដាច់ខ្យល់ហើយបងប្អូនអើយ ពេលឆ្នាំទៅស្រូវឡើងថ្លៃ អត់មានពីណាស្រែកជេររដ្ឋាភិបាលរឿងស្រូវ តែទៅថតព្រលានយន្តហោះសៀមរាបថាអសមត្ថភាព អត់មានទេសចរ, ដល់ឆ្នាំនេះទេសចរមកឡើងណែន គេមិនទៅថតទេសចរនៅសៀមរាប គេ(បែរ)មកថតរឿងស្រូវម្ដង។ ដើមរដូវប្រមូលផលស្វាយចន្ទី ថ្លៃធ្លាក់សល់៤០០០រៀល គេនាំគ្នាស្រែកជេររដ្ឋាភិបាល ប៉ុន្មានអាទិត្យក្រោយឡើងដល់ជាង៥០០០ អត់មាត់មួយម៉ាត់ តែបើជ្រុលជេរពេលល្អសសើរផង..»។

ទន្ទឹមនឹងនេះ សម្ដេចបវរធិបតី បានថ្លែងបន្តថា នៅពេលដែលរោងចក្របិទបងប្អូនធ្វើបាតុកម្ម កូដកម្ម គេខំទៅស្រែកផ្សាយពីរឿងហ្នឹងភ្លុកទឹកភ្លុកដី នៅពេលដែលរោងចក្រថ្មីបើក គេអត់ទៅផ្សាយទេ..។

ការណ៍នេះ សម្ដេចនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា សម្ដេចមិនហាមឃាត់សិទ្ធិនរណាចំពោះការផ្សព្វផ្សាយទេ ប៉ុន្តែសូមឱ្យបងប្អូនជឿទុកចិត្តរឿងពាណិជ្ជកម្មជាមួយអាមេរិក រឿងដោះស្រាយការងារ រឿងពង្រីក រដ្ឋាភិបាលតែងតែគិតគូរ និងខិតខំការពារអត្ថប្រយោជន៍សម្រាប់បងប្អូនជានិច្ច។

សម្ដេចបវរធិបតី បានសង្កត់ធ្ងន់ថា «ប្រសិនបើរដ្ឋាភិបាលអាមេរិកដាក់ពន្ធយើងនឹងប្រឈមការលំបាក ប៉ុន្តែយើងមិនស្លាប់នោះទេ ផ្ទុយទៅវិញយើងនឹងខិតខំពង្រឹងសក្ដានុពលរបស់យើង ធ្វើពិពិធកម្មសេដ្ឋកិច្ចរបស់យើងនាំចេញទៅអឺរ៉ុប ឬទៅបណ្ដាប្រទេសផ្សេងៗ ព្រោះអ្វីក៏ដោយដែលមិនធ្វើឱ្យយើងស្លាប់ យើងនឹងរឹងមាំ»៕

វីដែអូ