ក្នុងឱកាស អញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យដំណើរការខ្សែសង្វាក់ផលិតកម្មថ្មី និងរោងចក្រដំឡើងគ្រឿងបង្គុំរថយន្ត Ford នៅខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥នេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រសាសន៍បញ្ជាក់ថា កម្ពុជាមិនមែនត្រឹមតែជាប្រទេសដែលប្រមូលធាតុបង្គុំពីខាងក្រៅមកផលិតក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្ដែកម្ពុជាកំពុងក្លាយជាប្រទេសដែលផលិតគ្រឿងបង្គុំខ្លួនឯង និងនាំចេញទៅក្រៅប្រទេសថែមទៀត។ក្នុងឱកាសនោះ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានលើកទឹកចិត្តដល់ក្រុមហ៊ុននៅក្នុងស្រុកខិតខំស្វែងរកដៃគូសហការដើម្បីផលិតគ្រឿងបង្គុំក្នុងស្រុកបន្ថែមទៀតដើម្បីផ្គត់ផ្គង់ដល់ខ្សែសង្វាក់ផលិតកម្មរបស់ខ្លួន។សម្ដេចធិបតី នាយករដ្ឋមន្រ្ដី ណែនាំឱ្យអាជ្ញាធរខេត្តពោធិ៍សាត់យកចិត្តទុកដាក់ធ្វើយ៉ាងណាធ្វើឱ្យខេត្តក្លាយជាខេត្តមានសន្ដិសុខល្អ មានកេរ្តិ៍ឈ្មោះល្អ ខណៈនៅពេលខេត្តមានសន្ដិសុខល្អនឹងទាក់ទាញអ្នកវិនិយោគមកបណ្ដាក់ទុនបន្ថែមទៀត ជាពិសេសខេត្តមានលក្ខណៈអំណោយផលច្រើនលើការវិនិយោគ និងវិស័យទេសចរណ៍។ក្នុងឱកាសនោះ សម្ដេចធិបតី ក៏បានកោតសរសើរ ក្រុមហ៊ុនអន្តរជាតិ RMA និងក្រុមហ៊ុន Ford ដែលជាក្រុមហ៊ុនដ៏ធំរបស់សហរដ្ឋអាមេរិក ដែលបានផ្តល់ទំនុកចិត្តជ្រើសរើសប្រទេសកម្ពុជា ជាទីតាំងវិនិយោគក្នុងវិស័យឧស្សាហកម្មដំឡើងរថយន្ត និងឈានទៅដាក់ឱ្យដំណើរការខ្សែសង្វាក់ផលិតកម្មថ្មី និងរោងចក្រដំឡើងគ្រឿងបង្គុំរថយន្ត Ford ដើម្បីចែកចាយនៅលើទីផ្សារ។ សម្ដេចមានប្រសាសន៍ថា វត្តមានរបស់ឧស្សាហកម្មធុនធ្ងន់ដ៏ទំនើបនេះ ផ្តល់ឱកាសការងារ ប្រាក់បៀវត្សរ៍ រួមចំណែកអភិវឌ្ឍធនធានមនុស្ស និងជំរុញដល់កំណើនសេដ្ឋកិច្ចរបស់កម្ពុជា៕
វីដែអូ