ថ្ងៃអង្គារ៍ ទី២៩ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ PKA TV Online ចាងហ្វាងការផ្សាយ លោក អ៊ុង ស៊ីណាត ទូរស័ព្ទ 0886 511114 និពន្ធនាយក លោក ឈួន ពុធតុលា ទូរស័ព្ទ 089 359434
សម្ដេចធិបតី អំពាវនាវវិនិយោគិនជ្រើសរើសយកកម្ពុជាពង្រីកខ្សែសង្វាក់ផលិតកម្មរបស់ខ្លួន
Tue,22 April 2025 (Time 10:38 PM)
ដោយ ៖ Srey Sambath (ចំនួនអ្នកអាន: 8នាក់)

ក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យដំណើរការខ្សែសង្វាក់ផលិតកម្មថ្មី និងរោងចក្រដំឡើងគ្រឿងបង្គុំរថយន្ត Ford នៅខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥នេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវវិនិយោគិនបរទេសបន្តជ្រើសរើសយកកម្ពុជា ដើម្បីពង្រីកខ្សែសង្វាក់ផលិតកម្មរបស់ខ្លួន ខណៈរាជរដ្ឋាភិបាលកំពុងផ្ដល់គោលនយោបាយ និងលក្ខន្តិកៈដើម្បីសម្របសម្រួលដល់វិនិយោគិនដែលចង់មកបណ្ដាក់ទុននៅកម្ពុជា។

សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍បញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាពីមួយអាណត្តិទៅមួយអាណត្តិ បានគិតគូរធ្វើយ៉ាងណាលើការលើកទឹកចិត្ត និងបន្ធូបន្ថយការលំបាកដល់ក្រុមហ៊ុន វិនិយោគិនដែលចង់ចូលមកវិនិយោគនៅកម្ពុជា តាមរយៈការសម្រួលនីតិវិធី កាត់បន្ថយលក្ខន្តិកៈនានា ដើម្បីធ្វើយ៉ាងណាផ្ដល់ភាពងាយស្រួលដល់ការវិនិយោគ។

សម្ដេចធិបតី ថ្លែងថា គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា គឺទាក់ទាញអ្នកវិនិយោគថ្មី ហើយថែរក្សាអ្នកចាស់ដែលបានវិនិយោគនៅកម្ពុជាឱ្យបានរីកចម្រើនទៅមុខបន្ថែមទៀតជាមួយនឹងសុខសន្ដិភាព និងស្ថិរភាពដែលកម្ពុជាកំពុងមាន។ ហើយសន្ដិភាពនេះជាការធានារបស់គណបក្សប្រជាជនកម្ពុជាផ្ដល់ជូនវិនិយោគិនរយៈពេលវែងដែលចង់មកវិនិយោគនៅកម្ពុជា។

សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដោយសម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានដាក់ចេញនូវគោលនយោបាយ ដើម្បីធានានូវបរិយាកាសធុរកិច្ចល្អប្រសើរ និងធានាបាននូវភាពប្រកួតប្រជែងរបស់កម្ពុជា តាមរយៈការអនុវត្តច្បាប់វិនិយោគ និងការដាក់ចេញនូវយន្តការដែលមានភាពបត់បែន ដើម្បីផ្ដល់ការគាំទ្រ ការលើកទឹកចិត្ត និងឆ្លើយតបទៅនឹងតម្រូវការរបស់វិនិយោគិន និងវិស័យឯកជននៅព្រះរាជាណាចក្រកម្ពុជា។ សម្ដេចធិបតី ក៏បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់តម្លៃខ្ពស់ចំពោះតួនាទីរបស់វិស័យឯកជន ដែលជាដៃគូ និងជាប្រតិបត្តិករដ៏សំខាន់ ក្នុងការរួមចំណែកអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជាកាន់តែរីកចម្រើនបន្ថែមទៀត៕

វីដែអូ