ថ្ងៃអង្គារ៍ ទី២៩ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ PKA TV Online ចាងហ្វាងការផ្សាយ លោក អ៊ុង ស៊ីណាត ទូរស័ព្ទ 0886 511114 និពន្ធនាយក លោក ឈួន ពុធតុលា ទូរស័ព្ទ 089 359434
សម្តេចតេជោ៖ ដំណើរទស្សនកិច្ចឯកឧត្តម ស៊ី ជីនពីង បានបង្កើនល្បឿន នៃការស្ថាបនា«ព្រែកជីកហ្វូណនតេជោ»
Tue,22 April 2025 (Time 10:38 PM)
ដោយ ៖ Srey Sambath (ចំនួនអ្នកអាន: 8នាក់)

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានថ្លែងថា លទ្ធផលជាផ្លែផ្កា តាមរយៈដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង មកកាន់ប្រទេសកម្ពុជា បានបង្កើនល្បឿននៃការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ ដែលជាគម្រោងព្រែកជីកជាប្រវត្តិសាស្ត្ររបស់កម្ពុជា។ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បញ្ជាក់បែបនេះក្នុងពិធីបើកសម័យប្រជុំលើកទី៣ ព្រឹទ្ធសភា នីតិកាលទី៥ នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥នេះ។

សម្តេចតេជោបានវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ លោក ស៊ី ជិនពីង មកកាន់ប្រទេសកម្ពុជា កាលពីថ្ងៃទី១៧-១៨ ខែមេសា ឆ្នាំ២០២៥ កន្លងទៅនេះ ដែលផ្តល់ផលប្រយោជន៍យ៉ាងច្រើនទៅលើទំនាក់ទំនងប្រទេសទាំងពីរ ហើយជាពិសេសគឺទំនាក់ទំនងខាងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ដែលជាការគាំទ្រយ៉ាងសំខាន់។

សម្តេចបានបញ្ជាក់ថា៖ «អ្វីដែលយើងត្រូវមើលឃើញ គឺនៅត្រង់ថា ល្បឿននៃការជីកព្រែកជីក នឹងបន្ត ហើយសូមបញ្ជាក់ថា ព្រែកជីកនេះទោះបីជាមាន ឬគ្មានមិត្តចិន ក៏យើងត្រូវតែធ្វើឱ្យបានដែរ ប៉ុន្តែជាភ័ព្វសំណាងរបស់យើង ដែលមិត្តចិនបានប្រកាសក្នុងការផ្តល់ជំនួយ ក៏ដូចជាឱ្យក្រុមហ៊ុនមកចូលរួម សម្រាប់ដំណើរការព្រែកជីកនេះ ដែលយើងនឹងសម្រេចលើគម្រោងព្រែកជីកនេះតាមកាលកំណត់»។

ក្នុងជំនួបជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ដែលជាមិត្តចាស់ដ៏ស្និទ្ធស្នាល អំឡុងទស្សនកិច្ចកាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥នោះ ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីចិន បានប្រកាសគាំទ្រដល់កិច្ចអភិវឌ្ឍន៍នៅកម្ពុជា ជាពិសេសគម្រោងព្រែកជីកហ្វូណនតេជោ។

សូមជម្រាបថា ក្នុងដំណើរទស្សនកិច្ចនេះ កម្ពុជា-ចិន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង និងកិច្ចសន្យាចំនួន ៥ ពាក់ព័ន្ធនឹងគម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោផងដែរ។ កិច្ចព្រមព្រៀង និងកិច្ចសន្យាទាំង ៥នោះ រួមមានដូចជា៖ (១) កិច្ចសន្យាភាពជាដៃគូរវាងរដ្ឋ និងឯកជន ដែលមានលោក ស៊ុន ចាន់ថុល ដោយទទួលបានសិទ្ធប្រទានធ្វើជាតំណាងភាគីរាជរដ្ឋាភិបាលកម្ពុជា ចុះហត្ថលេខាជាមួយលោក អៀង ស៊ុនលី តំណាងក្រុមហ៊ុនហ្វូណនតេជោ ខូសថល-អ៊ីនឡេន វ័រធើវេយ ឯ.ក (២)កិច្ចព្រមព្រៀងម្ចាស់ភាគហ៊ុន, (៣) កិច្ចព្រមព្រៀងវិនិយោគ, (៤) កិច្ចសន្យាវិស្វកម្មលទ្ធកម្ម និងសាងសង់ និង (៥) កិច្ចសន្យាប្រតិបត្តិការ និងការថែទាំ។

ផ្លែផ្កានៃកិច្ចសហប្រតិបិត្តិការជាច្រើនរាប់មិនអស់តាមរយៈការចុះកិច្ចព្រមព្រៀងចំនួន៣៧ ឯកសារលើវិស័យវិនិយោគ ពាណិជ្ជកម្ម អប់រំ ហិរញ្ញវត្ថុ ព័ត៌មាន ការងារយុវជន កសិកម្ម សុខាភិបាល ធនធានទឹក ទេសចរណ៍ កិច្ចការនារី ។ល។ ដែលក្នុងនោះប្រជាជនកម្ពុជាចាប់អារម្មណ៍ និងសប្បាយរីករាយ ពេញចិត្តបំផុតគឺការចុះហត្ថលេខាជាប្រវត្តិសាស្រ្តមានទឹកប្រាក់ចំនួន $១.១៥៦ ពាន់លានដុល្លារអាមេរិក ដើម្បីដំណើរការគម្រោងព្រែកជីកហ្វូណនតេជោឱ្យរួចរាល់ក្នុងឆ្នាំ២០២៨៕

វីដែអូ