ថ្ងៃច័ន្ទ ទី២៨ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ PKA TV Online ចាងហ្វាងការផ្សាយ លោក អ៊ុង ស៊ីណាត ទូរស័ព្ទ 0886 511114 និពន្ធនាយក លោក ឈួន ពុធតុលា ទូរស័ព្ទ 089 359434
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ជួបពិភាក្សាការងារជាមួយប្រធានរដ្ឋសភាថៃ នៅប្រទេសឡាវ ……….
Sun,20 October 2024 (Time 09:48 PM)
ដោយ ៖ Srey Sambath (ចំនួនអ្នកអាន: 50នាក់)

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ បានអញ្ជើញទទួលទានអាហារពេលព្រឹកពិភាក្សាការងារជាមិត្តភាពជាមួយ ឯកឧត្តម វ៉ាន់ មូហាម៉ាត់ ណ័រ មៈថា (Wanmuhamadnoor Matha) ប្រធានរដ្ឋសភា និងជាប្រធានសភាតំណាងរាស្រ្ត នៃព្រះរាជាណាចក្រថៃ នៅក្នុងឱកាសចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន លើកទី៤៥ នៅក្នុងប្រទេសឡាវ។

សម្តេចប្រធានរដ្ឋសភាបានលើកឡើងថា ជំនួបទ្វេភាគីនាឱកាសពេលនេះ បង្ហាញពីការអនុវត្ដជាក់ស្តែងនូវអនុស្សរណៈនៃការយោគយល់គ្នា ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ ថ្មីៗនេះ ក្នុងពេលដែលសម្តេចរដ្ឋសភាធិបតីបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជាទៅបំពេញទស្សនកិច្ចផ្លូវការនិងមិត្តភាពនៅព្រះរាជាណាចក្រថៃ កាលពីថ្ងៃទី១១-១២ ខែកក្កដា កន្លងទៅ។

នៅក្នុងឱកាសនេះ ថ្នាក់ដឹកនាំរដ្ឋសភាប្រទេសទំាងពីរក៏បានវាយតម្លៃខ្ពស់ចំពោះចំណងមិត្តភាពដ៍រឹងមាំរវាងប្រទេសទំាងពីរ រដ្ឋសភាប្រទេសទំាងពីរ ក៏ដូចជាការភ្ជាប់ទំនាក់ទំនងប្រជាជននិងប្រជាជននៃប្រទេសទំាងពីរផងដែរ។ ការជួបប្រាស្រ័យទាក់ទងជាមួយគ្នាគឺជាចំនុចវិជ្ជមានដ៏ល្អនៅក្នុងការពង្រឹងសន្តិភាព វិបុលភាពនិងការរីកចម្រើនប្រកបដោយចីរភាព មិនត្រឹមសម្រាប់ប្រទេសទំាងពីរប៉ុណ្ណោះទេ តែសម្រាប់តំបន់និងសកលផងដែរ។

ឯកឧត្តម វ៉ាន់ មូហាម៉ាត់ណ័រ មៈថា សម្តែងក្តីរីករាយដែលបានជួបពិភាក្សាការងារជាមួយសម្តេចប្រធានរដ្ឋសភាសារជាថ្មីនៅក្នុងឱកាសនេះ។ ឯកឧត្តមបានលើកឡើងថា កាលពីអំឡុងពេលចូលរួមកិច្ចប្រជុំទល់មុខរវាងអាស៊ាននិងអាយប៉ាកាលពីសប្តាហ៍កន្លងទី ឯកឧត្តមក៏បានជួបពិភាក្សាការងារជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផងដែរ។

ឯកឧត្តមប្រធានរដ្ឋសភាថៃបានសម្តែងការគំាទ្រនិងអបអរសាទរចំពោះគោលដៅអភិវឌ្ឍន៍របស់កម្ពុជា ដែលកំពុងឈានឆ្ពោះទៅកាន់ប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ ឯកឧត្តមបានបញ្ជាក់ថា ប្រជាពលរដ្ឋថៃប្រមាណ២លាននាក់ បានមកទស្សនាប្រទេសកម្ពុជាកាលពីឆ្នាំកន្លងទៅ ហើយអ្នកវិនិយោគទុនថៃពេញចិត្តនៅក្នុងការវិនិយោគនៅកម្ពុជា ពីព្រោះពួកគេទទួលបានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលកម្ពុជា។ រាជរដ្ឋាភិបាលថៃបានធ្វើការយ៉ាងជិតស្និទ្ធជាមួយស្ថានទូតកម្ពុជាប្រចាំនៅប្រទេសថៃ នៅក្នុងកិច្ចការពារ គំាទ្រពលករខ្មែរ ដែលកំពុងស្នាក់នៅនិងធ្វើការនៅក្នុងប្រទេសថៃ។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ក៏បានថ្លែងអំណរគុណដល់ព្រះមហាក្សត្រនិងរាជរដ្ឋាភិបាលថៃ ដែលបានគំាពារពលករខ្មែរ កំពុងធ្វើការនៅក្នុងប្រទេសថៃ។ សម្តេចបានថ្វាយអំណរព្រះគុណយ៉ាងជ្រាលជ្រៅ និងកោតសរសើរ ព្រះអង្គម្ចាស់ក្សត្រិយ៍ មហាចក្រី សិរិនថន ដែលបានផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាបានសិក្សានៅប្រទេសថៃ ព្រមទាំងបានបង្កើតវិទ្យាស្ថានបច្ចេកវិទ្យាចំនួនពីរនៅក្នុងខេត្តកំពង់ធំ និងខេត្តកំពង់ស្ពឺ និងមណ្ឌលសុខភាពនៅខេត្តរតនគីរី។

សម្តេចរដ្ឋសភាធិបតី ក៏បានពាំនាំមកនូវបណ្តាំសួរសុខទុក្ខ ពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ជូនចំពោះ ឯកឧត្តមប្រធានរដ្ឋសភានិងថ្នាក់ដឹកនាំប្រទេសថៃផងដែរ ។ សម្តេចរដ្ឋសភាធិបតីក៏បានសម្តែងនូវការអបអរសាទរជូនចំពោះលោកជំទាវ ផែ ថងថាន ស៊ីណាវ៉ាត់ (Paetongtarn Shinawatra) ដែលត្រូវបានព្រះមហាក្សត្រថៃបានឡាយព្រះហស្ថលេខាតែងតាំងជានាយករដ្ឋមន្រ្តី កាលពីទី១៦ ខែសីហា ឆ្នាំ២០២៤។

សម្តេចប្រធានរដ្ឋសភាបានស្នើដល់ឯកឧត្តមវ៉ាន់ មូហាម៉ាត់ ណ័រ មៈថា កៀរគរអ្នកវិនិយោគទុននិងទេសចររបស់ថៃមកទស្សនានិងវិនិយោគនៅកម្ពុជាបន្ថែមទៀត។ សម្តេចបានលើកឡើងថារាជរដ្ឋាភិបាលកម្ពុជា មានគម្រោងបង្កើតតំបន់សេដ្ឋកិច្ច ពិសេសតាមបន្ទាត់ព្រំដែននៃប្រទេសទំាងពីរដើម្បីបង្កភាពងាយស្រួលដល់ពាណិជ្ជកម្ម និងការវិនិយោគ ហើយរំពឹងថា នៅឆ្នាំ២០២៥ ទំហំពាណិជ្ជកម្មនៃប្រទេសទំាងពីរនឹងសម្រេចបាន១៥ ពាន់លានដុល្លារ។

ថ្នាក់ដឹកនាំប្រធានរដ្ឋសភាទាំងពីរបន្តប្តេជ្ញាលើកកម្ពស់កិច្ចសហប្រតិបត្តិការរដ្ឋសភាកម្ពុជានិងថៃឱ្យកាន់តែរឹងមាំនិងស៊ីជម្រៅគ្រប់ជ្រុងជ្រោយបន្ថែមទៀតទំាងក្របខណ្ឌទ្វេភាគីនិងពហុគីភាគី តាមរយៈការអនុវត្តអនុស្សរណៈ នៃការយោគយល់ ដែលបានចុះហត្ថលេខា ទទួលបានលទ្ធផលជាក់ស្ដែង រួមចំណែកដល់ការអនុវត្ដ ”កិច្ចសហប្រតិបត្ដិការភាពជាដៃគូយុទ្ធសាស្រ្ដ” រវាងកម្ពុជានិងថៃដោយយកពលរដ្ឋជាស្នូល។ ភាគីទាំងពីរក៏បានឯកភាពគ្នាបន្តពង្រឹងនិងលើកកម្ពស់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់តាមព្រំដែនដើម្បីជំរុញវិស័យពាណិជ្ជកម្ម និងទំនាក់ទំនងប្រជាជននិងប្រជាជន ព្រមទាំងវាយតម្លៃខ្ពស់លើវិស័យអប់រំ និងការអភិវឌ្ឍធនធានមនុស្ស៕
——

វីដែអូ